ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត, លោក លោកស្រីអភិបាលក្រុង ស្រុក និងមន្ត្រីជំនាញជាច្រើនរូបទៀត។
លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ដែលជាគោលបំណង ដើម្បីពង្រឹង និងបង្កើនសម្ថភាពបន្ថែមទៀត ក្នុងការអនុវត្តកិច្ចលទ្ធកម្មឆ្នាំ២០២៣ ឱ្យមានតម្លាភាព និងឆាប់រហ័ស។ ទន្ទឹមនឹងនេះមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតែងតែជួយដោះស្រាយបញ្ហាប្រឈម និងបញ្ហាផ្សេងៗ ឱ្យបានទាន់ពេលវេលា និងប្រកបដោយភាពជឿរទុកចិត្តផងដែរ។
ឯកឧត្តម គោស៊ុំ ប៊ុនសឿត បានមានប្រសាសន៍បញ្ជាក់ថាកិច្ចការងារនេះជាគោលការណ៍មួយបានកំណត់ឱ្យច្បាស់លាស់ នៅពេលដែលយើងអនុវត្តផែនការថ្មីនេះ ដាច់ខាតត្រូវតែរៀបចំកិច្ចលទ្ធកម្មទៅតាមលិខិតបទដ្ឋានគតិយុត្ត ស្របតាមយន្តការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។ ឯកឧត្តមក៏បានបន្តទៀតថា សូមជម្រុញដល់មន្ត្រីជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់នៅវិធាន នីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំ និងអនុវត្តកិច្ចលទ្ធកម្ម ដោយខិតខំគោរពខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនានាផងដែរ។
សូមអរគុណ!